កាលបរិច្ឆេទ: ១០ កុម្ភៈ ២០២៥ / សុខភាព / Author : ATH Sokren
កាលពីថ្ងៃទី១៧ មករា ២០២៥ ភោជនីយដ្ឋានទន្លេបាសាក់២បានទទួលកម្មវិធីជប់លៀងប្រចាំឆ្នាំ Kinal VIP ដោយមានអ្នកចូលរួមទាំងអស់ជាង៤០០នាក់ ដែលជាអតិថិជន និងដៃគូអាជីវកម្ម ជាពិសេសឱសថការី គ្រូពេទ្យ និងអ្នកចែកចាយឱសថ។
ពិធីលាងភោជនាហារនេះផងដែរក៏ជាឱកាសប្រារព្វខួបលើកទី៣០នៃវត្តមានសហគ្រាសផលិតឱសថប៉េប៉េអឹម។ ភ្ញៀវកិត្តិយសមិនមែនមានតែអ្នកទីក្រុងភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែភ្ញៀវមួយចំនួនមកពីខេត្ត-ក្រុងចំនួន៨ នៃព្រះរាជាណាចក្រកម្ពុជា មានដូចជាខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ កំពត កែប កោះកុង និងខេត្តព្រះសីហនុ។
លោកសាកេត សុភសីលា នាយកតំណាងក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល និងជាតំណាងរបស់លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុនសហគ្រាស បានមានប្រសាសន៍ថ្លែងអំណរគុណទៅដល់អតិថិជន និងដៃគូសហការទាំងអស់សម្រាប់ការគាំទ្រ និងការផ្តល់ទំនុកចិត្តរបស់ពួកគេមកលើផលិតផលប្រកបដោយគុណភាពរបស់សហគ្រាសផលិតឱសថប៉េប៉េអឹម។
លោកក៏បានរម្លឹកផងដែរថា លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង បានបង្កើតសហគ្រាសនេះឡើងនៅឆ្នាំ១៩៩៦ និងបានប្រែក្លាយសហគ្រាសប៉េប៉េអឹមទៅជាសហគ្រាសផលិតឱសថលើកដំបូងនៅកម្ពុជា។ ៣០ឆ្នាំក្រោយមក សហគ្រាសផលិតឱសថប៉េប៉េអឹមក្លាយជាតួអង្គយ៉ាងសំខាន់ក្នុងវិស័យឧស្សាហកម្មឱសថនៅទ្វីបអាស៊ី និងនៅបណ្តាប្រទេសអាហ្រ្វិកនិយាយភាសាបារាំង។
លោកសាកេត សុភសីលា បានគូសបញ្ជាក់យ៉ាងដូច្នេះ៖ «បច្ចុប្បន្ន សហគ្រាសមានអតិថិជនជាង៣៥០លាននាក់នៅលើសកលលោក ហើយយើងគ្រោងបង្កើនអតិថិជនឱ្យឡើងដល់៤០០លាននាក់នៅឆ្នាំក្រោយ។ ទាំងអស់នេះសបញ្ជាក់ពីសក្កានុពលនៃការច្នៃប្រឌិតរបស់ប្រទេសកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងដើម្បីអាចឈរជើងនៅលើទីផ្សារអន្តរជាតិបាន»។
ចំណែកឯលោក តិច ស៊ីម៉ូ នាយកពាណិជ្ជកម្មក្នុងស្រុកនៃសហគ្រាសផលិតឱសថប៉េប៉េអឹម បានបន្ថែមថា ដោយសារកម្មវិធីភក្តីភាពដែលរៀបចំឡើងពីរដងក្នុងមួយឆ្នាំ សហគ្រាសផលិតឱសថប៉េប៉េអឹមមានអតិថិជនសរុបទាំងអស់ប្រមាណ៣០០០នាក់នៅទូទាំងប្រទេស ដែលពួកគេដើរតួនាទីយ៉ាងសំខាន់សម្រាប់កំណើនប្រចាំឆ្នាំរបស់សហគ្រាស។
លោកបញ្ជាក់ថា៖ «ឆ្នាំមុន យើងរកឃើញអតិថិជនល្អជាងគេ (Top 10) ចំនួន១០ រូប រីឯឆ្នាំនេះវិញចំនួននេះបានកើនឡើង រហូតដល់២០ រូប (Top 20)។ ដោយសារតែការគាំទ្ររបស់ពួកគាត់ ប្រាក់ចំណូលនៅឆ្នាំ២០២៤របស់យើងកើនបាន២០% »។
នៅចុងបញ្ជប់នៃពិធីជប់លៀង អតិថិជនមានឱកាសចាប់ឆ្នោតផ្សងសំណាងដែលមានរង្វាន់យ៉ាងច្រើន ដែលរង្វាន់ធំជាងគេគឺម៉ូតូចំនួនបីគ្រឿង។ កម្មវិធី Kinal VIP នេះផងដែរ នឹងត្រូវបន្តនៅតាមបណ្តាខេត្តមួយចំនួនទៀតដូចជា ខេត្តកំពង់ចាមនៅថ្ងៃទី៣ កុម្ភៈសម្រាប់អតិថិជនប្រចាំនៅខេត្តនេះតែម្តង និងអតិថិជនមកពីខេត្តព្រៃវែង ស្វាយរៀង ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ត្បូងឃ្មុំ និងរតនគិរី ហើយនៅខេត្តសៀមរាបនៅថ្ងៃទី៥កុម្ភៈសម្រាប់អតិថិជនខេត្តសៀមរាប នៅខេត្តបន្ទាយមានជ័យនៅថ្ងៃទី៦កុម្ភៈ និងចុងក្រោយនៅខេត្តបាត់ដំបងនៅថ្ងៃទី៧ កុម្ភៈសម្រាប់អតិថិជនមកពីខេត្តបាត់ដំបង និងមកពីខេត្តក្បែរៗនោះ៕